កញ្ញា ប៊ុនស្រីម៉ុច​ ជាប់ក្នុងកម្មវិធី «ការផ្តួចផ្តើមអ្នកដឹកនាំ​វ័យក្មេង​​អាស៊ី​អាគ្នេយ៍(YSEALI)» ក្រោមប្រធានបទ “និរន្តរភាពបរិស្ថាន”​ ។

បច្ចុប្បន្នកញ្ញា ប៊ុនស្រីម៉ុច​ ជាមន្រ្តីនៃការិយាល័យនីតិកម្ម វិវាទ​និង​សហប្រត្តិបត្តិការអន្តរជាតិនៃក្រសួងបរិស្ថាននិងជាបេក្ខនារីដែលបានជាប់ក្នុងកម្មវិធី «ការផ្តួចផ្តើមអ្នកដឹកនាំ​វ័យក្មេង​​អាស៊ី​អាគ្នេយ៍(YSEALI)»ក្រោមប្រធានបទ “និរន្តរភាពបរិស្ថាន”​ រយៈពេលប្រាំអាទិត្យកន្លះគឺចាប់ពីថ្ងៃទី៦ខែតុលា ដល់ថ្ងៃទី១៣ខែវិច្ឆិកា កន្លងទៅនេះ ដោយកញ្ញាបានធ្វើដំណើរទៅកាន់រដ្ឋឡូសអេនជេឡេស និង វ៉ាស៊ីនតោន ឌីស៊ី ក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីក្នុងផ្នែកបរិស្ថាននេះគឺមានបេក្ខភាពតែពីររូបប៉ុណ្ណោះពីប្រទេសកម្ពុជា ដោយគេជ្រើសរើសយកអ្នកដែលមានជំនាញ និងបទពិសោធន៍ការងារបរិស្ថានឬការងារសង្គមយ៉ាងតិច២ឆ្នាំ ក្រោមប្រធានបទដែលទាក់ទង។ ហើយកញ្ញាបា​នប្រលងជាប់ក្នុងកម្មវិធី​YSEALIProfessional Fellows ។

ជាអតីតនិស្សិតផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ស្រីម៉ុចបានបញ្ចប់ការសិក្សានៅឆ្នាំ២០១០។ក្រោយមក កញ្ញាបានចូលធ្វើការងារស្ម័គ្រចិត្តនៅក្រសួងបរិស្ថាន។ កន្លងផុតទៅមិនយូរប៉ុន្មានកញ្ញាក៏ចាប់ផ្តើមដុះចិត្តស្រឡាញ់ការងារដែលទាក់ទងនឹងបរិស្ថាន។ ចាប់តាំងពីពេលនោះមក កញ្ញាបានចូលបម្រើការងារនៅក្រសួងបរិស្ថានក្នុងផ្នែកនាយកដ្ឋានវាយតម្លៃផ្នែកប៉ះពាល់បរិស្ថាន ហើយក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញានឹងចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថាននៅប្រទេសអូស្រ្តាលី ផងដែរ។

កញ្ញាបានស្គាល់កម្មវិធី YSEALIនេះតាមរយៈស្ថានទូតអាមេរិក ព្រោះកញ្ញាជាមន្ត្រីមួយរូបក្នុងក្រសួងបរិស្ថានដែលជារឿយៗត្រូវចូលរួមកម្មវិធី LMI (Lower Mekong Initiative) ចាត់តាំងដោយក្រសួង ទៅសិក្សាពីការនិយាយជាសាធារណៈ និងការធ្វើបទបង្ហាញដែលមានលក្ខណៈជាផ្លូវការនៅទីនោះរហូតបានស្គាល់កម្មវិធីនេះ ហើយក៏សម្រេចចិត្តប្រលងចូល។ នេះជាលើកដំបូងរបស់កញ្ញា ដែលបានចូលរួមក្នុងកម្មវិធីYSEALI ដោយកញ្ញាបានបញ្ជាក់ថា៖ «​ខ្ញុំស្គាល់កម្មវីធីនេះនៅក្នុងខែមេសា ហើយខ្ញុំក៏ដាក់ពាក្យប្រឡងទៅហើយថ្ងៃដែលប្រឡងនោះគឺលឿនមែនទែន តែខ្ញុំនៅតែអាចធ្វើបាន»។

​កញ្ញាបានពោលថា​៖ «ខ្ញុំចង់ទៅរៀនពីប្រទេសអាមេរិក អំពីការថែទាំបរិស្ថាន ព្រោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលរីកចម្រើនខ្លាំងមិនថាផ្នែកអប់រំ ឬ  សេដ្ឋកិច្ចឡើយ។មួយវិញទៀត គ្រាន់តែឮប្រធានបទ និរន្តភាពបរិស្ថាន ខ្ញុំក៏ចង់ទៅរៀនហើយក៏ដាក់ពាក្យប្រឡងទៅ»។


គន្លឹះសំខាន់ៗក្នុងការប្រឡងចូលក្នុងកម្មវិធីYSEALI

កញ្ញា ប៊ុនស្រីម៉ុចបានបង្ហើបថា ជាទូទៅ កម្មវិធីនេះមានការដាក់ពាក្យតាមរយៈ​អនឡាញ លើគេហទំព័រ youngsoutheastasianleaders.state.gov ដែលមានន័យថាបេក្ខជនទាំងអស់ត្រូវចុះឈ្មោះធ្វើជាសមាជិករបស់ YSEALI ជាមុនសិន។ នៅពេលដែលមានកម្មវិធីអ្វីថ្មី គឺសមាជិកទាំងអស់នឹងទទួលបានអ៊ីម៉ែលពីខាងកម្មវិធី។

សំខាន់មួយទៀតគឺត្រូវចេះភាសាអង់គ្លេសអោយបានល្អទាំងការនិយាយ ស្តាប់ សរសេរ ពីព្រោះថានឹងមានវគ្គសំភាសន៍ផ្ទាល់មាត់។ ហើយម្យ៉ាងទៀតនៅពេលដែលទៅសហរដ្ឋអាមេរិកគឺបេក្ខជនត្រូវទំនាក់ទំនងជាមួយគ្នាជាភាសាអង់គ្លេសដូចនេះហើយភាសាអង់គ្លេសពិតជាសំខាន់ណាស់។

ជាងនេះទៅទៀតនៅក្នុងកម្មវិធីនេះគឺគេចង់បានបេក្ខជនដែលមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នកដែលធ្វើការងារសង្គមច្រើន និង ជាមនុស្សដែលមានភាពរហ័សរហួន ចេះបទបែនតាមកាលៈទេសៈព្រមទាំងមានសមត្ថភាពផងដែរ។ ហើយអ្វីដែលសំខាន់នោះគឺថា បេក្ខជនត្រូវដឹងថា ខ្លួនឯងចង់ធ្វើអ្វី ចង់រៀនអ្វី និងសង្ឃឹមថារៀនអ្វីពីកម្មវិធីនេះ និង ចេះរៀបចំគម្រោងអោយបានច្បាស់លាស់។

ចុងក្រោយសម្រាប់ការសំភាសន៍នៅក្នុងកម្មវិធីនេះគឺត្រូវនិយាយអោយច្បាស់លាស់ មានជំនឿជាក់ និងបង្ហាញប្រាប់គេពីបទពិសោធន៍ការងាររបស់យើងដែលធ្លាប់ធ្វើ ទាក់ទងទៅនឹងការងារសង្គមព្រមទាំងរួមបញ្ចូលភាពជាអ្នកដឹកនាំរបស់យើងដែលទាក់ទងនឹងប្រធានបទដែលយើងដាក់។

ស្រីម៉ុច បានទៅរដ្ឋកាលីហ្វញ៉ាក្នុងទីក្រុងមួយឈ្មោះថាហឺម៉ូសា (Hermosa) ដោយនៅទីនោះកញ្ញាបាន ស្វែងយល់អំពី របៀបរៀបចំទីក្រុង។ កញ្ញាបានបន្តថា៖ «ខ្ញុំបានទៅដល់ផ្ទះប្រជាជនគេនៅទីនោះ ហើយក៏បានធ្វើការសំភាសន៍ពួកគេទាក់ទងនឹងការរស់នៅនិងសួរថាតើពួកគេគិតគូរដល់បរិស្ថានយ៉ាងម៉េច ការទុកដាក់សំរាមផ្សេងៗ ឬ រឿងថាមពលសូឡាជាដើម»។

កញ្ញាក៏បានលើកឡើងថាមុនពេលដែលកញ្ញាទៅទីនោះ គេក៏បានឲ្យកញ្ញារៀបចំគម្រោងផ្នែកបរិស្ថានដែលកញ្ញាចង់ស្វែងយល់បន្ថែម។ សម្រាប់កញ្ញា គឺចង់ស្វែងយល់ពីរបៀបនៃការទុកដាក់កាកសំណល់ផ្ទះបាយរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក។ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋមិនសូវខ្វល់ពីការគ្រប់គ្រងកាកសំណល់ផ្ទះបាយទេដូចនេះហើយទើបកញ្ញាចង់ដឹងពីបញ្ហានេះ ហើយធ្វើយ៉ាងណាទើបមានប្រសិទ្ធិភាព​សម្រាប់យកមកអនុវត្តនៅស្រុកខ្មែរ។​

អ្វីទៅជាYSEALI ?

គម្រោង YSEALI( Young Southeast Asian Leaders Initiative)ដែលមានឈ្មោះជាភាសាខ្មែរថា  «ការផ្តួចផ្តើមអ្នកដឹកនាំ​វ័យក្មេង​​អាស៊ី​អាគ្នេយ៍(YSEALI)»គឺ​​ជា​គំរោង ដែល​បានបង្កើត​នៅ​ក្នុង​ឆ្នាំ ២០១៣ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ាដើម្បី​ជួយ​ដល់​យុវជន​ដូច​ជា​រូប​អ្នក​ដែល​​​គិតអំពី​​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​ការ​​ការពារ​បរិស្ថាន ការអប់រំ​និង​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ កម្មវិធីនេះ​​មាន​គោលបំណង​ពង្រឹង​ការ​អភិវឌ្ឍភាព​ជា​អ្នក​ដឹកនាំ​​នៅ​​ក្នុង​​តំបន់​​អាស៊ាន​ធ្វើ​អោយ​មាន​ការ​ចូលរួម​កាន់តែ​ស៊ី​ជម្រៅ​ពី​សំណាក់​​អ្នក​​ដឹកនាំ​យុវជន​លើ​បញ្ហា​ប្រឈម​សំខាន់​ៗ​ក្នុង​តំបន់​និង​ពិភពលោក​និង​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​មេ​ដឹកនាំ​អាស៊ី​អាគ្នេយ៍​វ័យ​ក្មេងដោយ​ផ្ទាល់​​។គម្រោង YSEALIរួម​​មានកម្មវិធី​​ដូច​ខាង​ក្រោម​នេះ​៖

កម្មវិធី YSEALI Fellows ផ្តល់​ឱកាស​ដល់​និស្សិត​និង​អ្នក​ជំនាញ​វ័យ​ក្មេង​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​អាច​អោយ​ពួកគេមាន​ចំណេះ​ដឹង​​កាន់​តែ​ច្រើន​អំពី​បញ្ហាក្នុង​តំបន់ និងបាន​​​ចែក​រំលែក​បទពិសោធន៍​របស់​ពួកគេ​។កម្មវិធី​នេះ​ត្រូវ​បាន​បែងចែក​ជា​​ពីរ៖

  •  YSEALI AcademicFellows: សម្រាប់​និស្សិត​ដែល​មាន​អាយុ​ពី ១៨ ដល់២៥ឆ្នាំ ដោយ​ ពួកគេ​​នឹង​បាន​ចូលរួមសកម្មភាពនៅ​​សាកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើន​ចំណេះដឹង​របស់​ពួកគេអំពី​បញ្ហា​តំបន់​និង​បាន​ចែក​រំលែក​បទពិសោធន៍​និងទស្សនៈ​វិស័យ​របស់​ពួកគេ​។

  • YSEALI ProfessionalFellows: សម្រាប់​អ្នក​ជំនាញ​វ័យ​ក្មេង​ដែល​មាន​អាយុ ពី២៥ ដល់​៣៥ ឆ្នាំដោយ​ពួកគេ​នឹង​ចូលរួម​រយៈពេល​ពេញ​មួយ​ខែជាមួយ​អង្គការដែល​មាន​ទីតាំង​​នៅ​សហរដ្ឋ​អាមេរិកដើម្បី​បង្កើន​ជំនាញ​ជាក់ស្តែង ​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​និង​មាន​​ទំនាក់ទំនង​ជា​លក្ខណៈ​វិជ្ជាជីវៈ ជាមួយ​អង្គការ​ទាំង​នោះដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​។

ជាចុងក្រោយ កញ្ញា ប៊ុនស្រីម៉ុច​ បានផ្តាំផ្ញើទៅយុវជនទាំងអស់ថា ត្រូវតែមានភាពជឿជាក់លើខ្លួនឯងមានការខិតខំប្រឹងប្រែង និងស្រឡាញ់អ្វីដែលយើងធ្វើព្រមទាំងព្យាយាមយល់ពីខ្លួន​ឯងអោយបានច្បាស់ ដូ​ចនេះយើងនឹងដឹងថាខ្លួនឯងចង់បានអ្វី ទើបយើងអាចធ្វើការងារដែលយើងស្រឡាញ់នោះបានល្អ៕

 អត្ថបទដោយ ចាន់ ជីវា